លោក ទេស វិបុល ប្រធាន សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា និង លោក ថាំង ប៊ុនសុង អគ្គលេខាធិការ បានអញ្ជើញចូលរួមក្នុង«ពិធីផ្សព្វផ្សាយការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ»
ក្រោមអធិបតីភាព ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និង ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក្រោមប្រធានបទ “ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍ និងប្រឆាំងព័ត៌មានក្លែងក្លាយ” “ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍” ដែលមានការអញ្ជើញសមាសភាពចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងព័ត៌មាន និងក្រសួងទេសចរណ៍ ព្រមទាំងអង្គភាពអ្នកសារព័ត៌មាននៅកម្ពុជាជាច្រើនអង្គភាព សរុបចំនួនប្រមាណ ២០០ នាក់ នៅទីស្តីការក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានថ្លែងលើកទឹកចិត្តឱ្យអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា ផលិតវីដេអូ និង ការផ្សព្វផ្សាយ រំលេចខ្លឹមសារទាក់ទាញអ្នកទេសចរជាតិ និងអន្តរជាតិ ឱ្យមកកម្សាន្តនៅតាមតំបន់ទេសចរណ៍នានាទូទាំងប្រទេសកម្ពុជា ជាពិសេស រួមសហការគ្នា បង្ការ ទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងបំភ្លៃ បំផ្លើសពីស្ថានភាពជាក់ស្តែងនៅកម្ពុជា និងលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មានពិត ផ្តល់សុវត្ថិភាព និងភាពជឿជាក់ដល់សាធារណជន និងទេសចរអន្តរជាតិដែលមានបំណងមកទស្សនាកម្សាន្តនៅកម្ពុជា ក៏ដូចជាទាក់ទាញភ្ញៀវទេសចរមកកាន់កម្ពុជាកាន់តែច្រើន។