នារសៀលថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ (Manny Pacquiao) កំពូលកីឡាករប្រដាល់កម្រិតពិភពលោក និងជាអតីតសមាជិកព្រឹទ្ធសភា នៃសាធារណរដ្ឋហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមាន៧មករា។
ក្នុងឱកាសនៃជំនួប លោក ម៉ានី ផាគីអាវ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចធិបតី ដែលបានចំណាយពេលដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានសម្តែងនូវក្តីរីករាយដែលលោកបានចូលរួមជាមួយព្រះរាជាណាចក្រកម្ពុជា ក្នុងការចែករំលែកនូវបទពិសោធន៍របស់លោកពាក់ព័ន្ធនឹងវិស័យកីឡាប្រដាល់។
លោក ម៉ានី ប៉ាគីអាវ បានគោរពជម្រាបជូនសម្តេចធិបតី ថា កីឡាប្រដាល់គឺប្រភេទកីឡាមួយ ដែលមានលក្ខណៈពិសេស និងលំបាក ដែលទាមទារនូវការហ្វឹកហាត់ខ្លាំងក្លា វិន័យខ្ពស់ ជាមួយនឹងការយល់ដឹងអំពីគោលការណ៍ច្បាស់លាស់ ដើម្បីអាចកសាងបាននូវអាជីពជាកីឡាករប្រដាល់ ដែលមានកេរ្តិ៍ឈ្មោះល្បី។
ជាមួយគ្នានេះ លោក ម៉ានី ប៉ាគីអាវក៏បានគោរពជម្រាបជូនសម្ដេចធិបតី ថា លោកនឹងចូលរួមលើកស្ទួយ និងជំរុញដល់វិស័យគុនខ្មែរ ដែលជាផ្នែកមួយនៃកីឡាប្រដាល់ ហើយលោកក៏នឹងជួបពិភាក្សាជាមួយកីឡាករល្បីៗនៃព្រះរាជាណាចក្រកម្ពុជា អំពីស្មារតីនៃកីឡាប្រដាល់ ក៏ដូចជាចែករំលែកពីបទពិសោធន៍ដ៏ច្រើន ដែលលោកបានឆ្លងកាត់ក្នុងជីវិតជាអ្នកប្រដាល់អាជីពលំដាប់ពិភពលោក ជាមួយនឹងការប្រកួតជាច្រើនកម្រិត និងច្រើនប្រភេទទម្ងន់ផ្សេងៗ។
ជាការឆ្លើយតប សម្ដេចធិបតី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះលោក ម៉ានី ប៉ាគីអាវ ដែលបានមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ជាលើកទី២ បន្ទាប់ពីដំណើរទស្សនកិច្ចលើកទីមួយនៅឆ្នាំ២០១៦ ដែលពេលនោះ លោកបានអមដំណើរឯកឧត្តម រ៉ូឌ្រីហ្គោ ឌូតឺតេ (Rodrigo Duterte) ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន អំឡុងពេលបំពេញទស្សនកិច្ចផ្លូវរដ្ឋ។
សម្ដេចធិបតី ក៏បានរំលេចថា វត្តមានរបស់លោក ម៉ានី ប៉ាគីអាវ ក្នុងនាមជាកីឡាករប្រដាល់ដ៏ល្បីល្បាញ ដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបបានស្គាល់ នឹងចូលរួមចំណែកក្នុងការលើកស្ទួយវិស័យកីឡា វិស័យទេសចរណ៍ និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន តាមរយៈការតភ្ជាប់រវាងប្រជាជន និងប្រជាជន។