កិច្ចប្រជុំរវាងរដ្ឋមន្រ្តីក្រសួងព័ត៌មាន ជាមួយសមាគមសារព័ត៌មាន បានធ្វើឡើងនៅរសៀលថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ នាសាលប្រជុំព្រះហារ ក្រសួងព័ត៌មាន ដើម្បីប្រមូលធាតុចូល បញ្ហា និងសំណូមពរផ្សេងៗ របស់អ្នកសារព័ត៌មានដែលកំពុងប្រកបអាជីពប្រចាំថ្ងៃតាមរយៈសមាគមអ្នកសារព័ត៌មាន ដែលជាតំណាង និងធ្វើបច្ចុប្បន្នកម្មអំពីស្ថានភាព សមាគម ដែលកំពុងដំណើរការ ឬមិនដំណើរការ ចំនួនបុគ្គលិក របាយការណ៍ប្រចាំឆ្នាំ ដើម្បីដាក់ជូនសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីជួបជុំមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤។
តាមរយៈរបាយការណ៍របស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍បានអោយដឹងថា សមាគមដែលបានចុះបញ្ជីនៅក្រសួងព័ត៌មាន មានចំនួន ៥៣ អង្គភាព។
សមាគមដែលនៅ ដំណើរការ និងមានសកម្មភាពចំនួន ២២ អង្គភាព។ អង្គភាពបានមកធ្វើបច្ចុប្បន្នភាពមានចំនួន ៦ អង្គភាព។
អង្គភាពដែលចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃមានចំនួន ១០ អង្គភាព (មិនទាន់ធ្វើបច្ចុប្បន្នភាព)។ អង្គភាព កំពុងចុះបញ្ជីនៅក្រសួងមហាផ្ទៃ ៦ អង្គភាព។ សមាគមដែលមិនមានឯកសារទាក់ទងមិនបានមានចំនួន ១៦ អង្គភាព និងសមាគមដែលឯកភាពឱ្យក្រសួងលុបមានចំនួន ១៥ អង្គភាព ។
ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា មានប្រសាសន៍ថា កិច្ចប្រជុំនាឱកាសនេះ ដើម្បីប្រមូលនូមតិយោបល់ពីបងប្អូនជាអ្នកសារព័ត៌មាន តាមរយៈប្រធានសមាគមសារព័ត៌មាន នូវរាល់ចម្ងល់ បញ្ហា និងអ្វីដែលអ្នកសារព័ត៌មានចង់បាន ហើយមានគំនិតផ្តួចផ្តើចអ្វីខ្លះ ដើម្បីរួមគ្នាធ្វើអោយមានភាពប្រសើរឡើងនូវក្នុងវិស័យព័ត៌មាន និងសោតទស្សន៍នៅកម្ពុជា ជាពិសេសការពារសិទ្ធិសេរីភាពសារព័ត៌មាន ។
ឯកឧត្តម រដ្ឋមន្រ្តី បានគួសបញ្ជាក់ថា រហូតមក ដល់បច្ចុប្បន្ននេះ ក្រសួងព័ត៌មាន បានចេញអាជ្ញាបណ្ណជូនដល់សារព័ត៌មានបុរាណ និងទំនើប បានចំនួនជាង ២ ០០០ ក្នុងនោះមានគេហទំព័រ និង TV Online ជាប្រពន្ធ័ផ្សព្វផ្សាយទំនើប មានជាង ១ ០០០ អាជ្ញាបណ្ណ ។
សារព័ត៌មានបោះពុម្ព មានចំនួន ៤១៧ អាជ្ញាបណ្ណ តែនៅសល់តែចំនួនតិចបំផុតដែលនៅបោះពុម្ព ហើយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ កាសែតភ្នំពេញប៉ុស្ត៍ ក៏ឈប់បោះពុម្ពជាក្រដាស់កាសែត តែនៅដំណើរការបន្តផ្សាយតាមប្រពន្ធ័អនឡាញ ។
ឯកឧត្តម រដ្ឋមន្រ្តី នេត្រ ភក្ត្រា បានចាត់សមាគមសារព័ត៌មាន និងបងប្អូននាក់សារព័ត៌មានទាំងអស់ គឺជាតូអង្គសំខាន់ ដែលបាននាំយកនូវការពិតពីសង្គម ប្រកបដោយវិជ្ជាជីវៈ មិនជាប្រភេទព័ត៌មានដែលគ្មានប្រភព មិនមែនជាប្រភេទព័ត៌មានដែលមានការញុះញង់ ឬត្រឹមតែជាប្រភេទព័ត៌មានក្លែងក្លាយ ដើម្បីទទួលការ Like និង View ។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្ត្រី បានជម្រាបជូនដំណឹងរបស់ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន ស្ដីពីការបន្ដសុពលភាពបណ្ណសារព័ត៌មានឆ្នាំ២០២៣ ដើម្បីសម្រួលដល់ការអនុវត្តការងាររបស់អ្នកសារព័ត៌មាន ដែលមិនទាន់ទទួលបានបណ្ណសារព័ត៌មាន ឆ្នាំ២០២៤ ។