សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ ...
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា (www.afcj-news.com) សូមគោរពនិងជំរាបសួរ ទ្រង់ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី អ្នកនាងកញ្ញា និង ពុកម៉ែបងប្អូនជនរួមជាតិទាំងអស់ ដែលតែងតែនិយមវិស័យព័ត៌មានអនឡាញជាទីមេត្រី ខ្ញុំបាទ មានឧត្តមគតិជាអ្នកស្រលាញ់ប្រទេសជាតិ និងវិជ្ជាជីវៈជាអ្នកសារព័ត៌មាន ពិតប្រាកដ សូមជួយ like ជួយ share ផង ពុកម៉ែបងប្អូនដើម្បីសង្គមជាតិ មាតុភូមិរបស់យើងទទួលបានព័ត៌មានទាំងអស់គ្នាណា។ សូមអរគុណ...!

សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ ...

នៅរសៀល ថ្ងៃសុក្រ ១០កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤។

 

 

 សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទំហំពាណិជ្ជកម្មអន្តរជាតិក្នុង១១ ខែឆ្នាំ២០២៣នេះ មានទំហំ ៤៣ ៥១៥,៨៦ លានដុល្លារអាម៉េរិក ដែលក្នុងនោះការនាំចេញសរុបមាន ២១ ៩៩២,៤០ លានដុល្លារអាម៉េរិក កើនឡើង ៤,០៨% បើប្រៀបធៀបនឹងការនាំចេញរយៈពេល ១១ ខែឆ្នាំ២០២២។

 

 ទោះបីឆ្នាំ ២០២៣ នេះ កម្ពុជាបានប្រឈមនៅកាលទេសលំបាកៗជាច្រើនពីស្ថានការណ៍តំបន់ និងពិភពលោក ប៉ុន្ដែក្រសួងពាណិជ្ជកម្មបានដើរតួនាទីសំខាន់ និងបានប្រែក្លាយបញ្ហាមកជាឱកាសជាច្រើន ដូចជាការចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មចំនួន៤ រួមមាន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA), កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP), កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA), និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម(Cambodia-UAECEPA)ជាដើម។

 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ណែនាំឱ្យក្រសួងពាណិជ្ជកម្ម ក៏ដូចជាក្រសួងពាក់ព័ន្ធ ត្រូវរួមគ្នាថែរក្សានូវកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមានស្រាប់ជាមួយប្រទេសជាមិត្ត និងបន្តស្វែងរកទីផ្សារថ្មីបន្ថែមទៀតសម្រាប់ការនាំចេញផលិតផលរបស់កម្ពុជាទៅកាន់ប្រទេសផ្សេងៗនៅលើពិភពលោក។ សម្តេចធិបតីមានប្រសាសន៍ថា គ្រប់ដំណើរទស្សនកិច្ចរបស់សម្ដេចនៅក្រៅប្រទេស សម្ដេចតែងតែយកពេលដើរគោះទ្វារ(ទាក់ទាញការវិនិយោគ) ដើម្បីទាក់ទាញវិនិយោគិននានាឱ្យមកវិនិយោគនៅកម្ពុជា តាមរយៈកិច្ចប្រជុំដោយផ្ទាល់ ការដាក់តាំងពិព័រណ៍ផលផលិតផលខ្មែរ និងការធ្វើសិក្ខាសាលារវាងវិនិយោគិនបរទេស និងវិនិយោគិនកម្ពុជាជាដើម។

 

 សម្តេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលកម្ពុជាធ្វើបុរេសកម្មជានិច្ចដោយបានដើរគោះទ្វាគេ, ដើរជួបគេ ដើម្បីរកទីផ្សារសម្រាប់នាំចេញផលិតផលកម្ពុជាទៅទីផ្សារអន្តរជាតិ ឲ្យបានកាន់តែច្រើនបន្ថែមទៀត។

 

 នៅក្នុងអាណត្តិទី៧នេះ គឺជាអាណត្តិពង្រឹង ជាជាងពង្រីក ជាពិសេសការពង្រឹងទៅលើរចនាសម្ព័ន្ធរបស់ក្រសួងស្ថាប័នទាំងអស់។

 

 ក្រៅពីនេះគឺការត្រៀមរៀបចំថ្នាលឌីជីថលនៅគ្រប់ក្រសួងស្ថាប័នទាំងអស់ផងដែរ។ 

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងពាណិជ្ជកម្ម ត្រូវសហការជាមួយភាគីពាក់ព័ន្ធ វិស័យឯកជន ដើម្បីពង្រឹងផលផលក្នុងស្រុកឱ្យមានគុណភាព និងស្ដង់ដារ សម្រាប់ជំរុញការនាំចេញ និងកាត់បន្ថយការនាំចូលទំនិញពីក្រៅប្រទេស។ 

 

សម្ដេចក៏ជំរុញចំពោះការចុះបញ្ជីម៉ាកផលិតផលខ្មែរ ក្នុងស្រុកឱ្យបានច្រើនបន្ថែមទៀតផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ទៀតថា ឆ្មាខ្មៅក៏ដោយសក៏ដោយ ឲ្យតែចាប់កណ្តុរបាន គឺឆ្មាទាំងអស់ ន័យនេះ សម្តេចចង់លើកឡើងថា អ្នកណាក៏ដោយ ក្រុមហ៊ុនណាក៏ដោយឲ្យតែលក់ផលិតផលខ្មែរចេញទៅក្រៅបានគឺសុទ្ធតែល្អទាំងអស់។

 

 ការប្រកួតប្រជែងផលិតផលរបស់កម្ពុជានៅក្រៅប្រទេសគឺពឹងផ្អែកលើកត្តាចំនួនពីរ គឺទី១ ផលិតផលជាអ្នកកំណត់ ទី២តម្រូវការទីផ្សារជាអ្នកកំណត់។

 

 សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញឱ្យបង្កើនការផលិតផលិតផលដែលមាន លក្ខណៈពិសេសប្រចាំតំបន់ដូចជាម្រេចកំពតជាដើម និងត្រូវខិតខំបង្កើនការស្វែងរកទីផ្សារលក់ផលិតផលទាំងនោះ។

 

 នៅថ្ងៃនេះ សម្តេចធិបតីក៏បានដាក់ចេញគោលការឱ្យសិក្សាចំពោះការទិញសម្ភារៈគ្រឿងសង្ហារិមរបស់ក្រសួង ស្ថាប័ន ចាប់ពីឆ្នាំ ២០២៥ គឺត្រូវជំរុញលើការប្រើប្រាស់ផលិតផលក្នុងស្រុក ខណៈក្នុងមួយឆ្នាំៗ ឬមួយអាណត្តិៗ ការប្រើប្រាស់គ្រឿងសង្ហារិមនៅតាមការិយាល័យរបស់ក្រសួងស្ថាប័នមានចំនួនច្រើនគួរសមដែរ។

 

សម្តេចបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០២៥ ទៅ រដ្ឋាភិបាលនឹងទិញគ្រឿងសង្ហារិមដែលផលិតក្នុងស្រុក ដើម្បីដាក់នៅតាមស្ថាប័នរដ្ឋនានា ដើម្បីជំរុញ និងលើកកម្ពស់ផលិតផលក្នុងស្រុក។ 

 

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានជំរុញដល់ក្រុមអ្នកផលិតផលិតផលក្នុងស្រុក ទាំងអស់ ត្រូវបង្កើនគុណភាពផលិតផលរបស់ខ្លួន ដើម្បីបំពេញសេចក្ដីត្រូវការក្នុងប្រទេស និងកាត់បន្ថយការនាំចូល។

 

​ សម្តេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា ប្រទេសកម្ពុជាអាចនឹងចាកចេញពីប្រទេសមានឋានៈ ជាប្រទេសអភិវឌ្ឍតិចតួចនៅឆ្នាំ ២០២៧ ខាងមុខនេះ បន្ទាប់ពីកម្ពុជាមានការអភិវឌ្ឍច្រើនជាងមុន និងអាចដើរដោយខ្លួនឯងបាន។

 

 មុននឹងប្រកាសបិទសន្និបាតបូកសរុបលទ្ធផលការងារពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារពាណិជ្ជកម្ម ឆ្នាំ២០២៤ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ក៏បានអញ្ជើញផ្ដល់កិត្តិយសបំពាក់គ្រឿងឥស្សរិយយស និងមេដាយ ជូនមន្ត្រីមានស្នាដៃល្អ នៃក្រសួងពាណិជ្ជកម្មមួយចំនួនផងដែរ៕ 

 









 

Previous Post Next Post